កំពង់ធំៈ ស្ពានដែកបេឡេអូរតាឆុង ដែលស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឥឡូវនេះបានសាងសង់រួចរាល់ជាស្ថាពរ ១០០ភាគរយហើយ ឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង។ ការសាងសង់នេះធ្វើឡើងតាមរយៈការសម្រេចផ្តល់ជូនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេចបានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅចម្ការចន្ទីរបស់សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ ព្រមទាំងមានការស្ថាបនាផ្លូវល្បាយក្រួសសម្រាប់តភ្ជាប់ក្បាលស្ពានទាំងសងខាងបន្ថែមទៀត ដែលមានប្រវែងសរុប ៥០០ ម៉ែត្រ។ គម្រោងស្ថាបនាស្ពាននេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។
រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកដឹកនាំ និងត្រួតពិនិត្យការងារសាងសង់ស្ពានដ៏សំខាន់នេះ រហូតបានសម្រេចចប់សព្វគ្រប់តាមផែនការ។
ស្ពានដែកបេឡេអូរតាឆុងនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ឃុំចំនួនពីរក្នុងស្រុកប្រាសាទសំបូរគឺ ឃុំតាំងក្រសៅ និងឃុំស្រើង។ ស្ពាននេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧គ្រួសារ ដែលរស់នៅក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង។
លើសពីនេះ ស្ពាននេះក៏បានផ្តល់ផលប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋសរុប ១ ២៩៥នាក់ ស្មើនឹង ៣៦៥គ្រួសារ ដែលរស់នៅក្នុងបណ្តាភូមិផ្សេងទៀតក្នុង ឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់។ ជាមធ្យម មានប្រជាពលរដ្ឋប្រមាណពី ១០០នាក់ ទៅ ២០០នាក់ ធ្វើដំណើរឆ្លងកាត់ស្ពាននេះជារៀងរាល់ថ្ងៃ ដែលបង្ហាញពីសារៈសំខាន់នៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយនេះក្នុងការជួយសម្រួលដល់ការរស់នៅ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


